ការឧបត្ថម្ភមនុស្សចាស់៤ម៉ឺនរៀលនិងមន្រ្តីរាជការ១លានរៀនក្នុងមួយខែ

ការឧបត្ថម្ភមនុស្សចាស់ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅគឺជាការសន្យារបស់ គណបក្សសិទ្ធិមនុស្ស ហើយបានក្លាយជាគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិក្រោយពេលដែលគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី រួបរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ។

556916_574103512606952_2005396247_n[1]

អ្នកដែលចូលរួមក្នុងវេទិការបស់គណបក្សសង្រ្គោះជាតិភាគច្រើនសុទ្ធតែជាមនុស្សចាស់ លោក យាយលោក​តា ។ តើនេះបណ្តាលមកពីគោលនយោបាយឧបត្ថម្ភមនុស្សចាស់៤ម៉ឺនរៀលក្នុងមួយខែឬទេ?

690_636205399730096_329563371_n

លោក ឃី វ៉ាន់ដេត អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងជាអនុប្រធានគណបក្សសង្រ្គោះជាតិ ខេត្តតាកែវ បានមានប្រសាសន៍ពីគោលនយោបាយក្នុងវេទិការជួបជុំសមាជិកគណបក្សថា៖

  • ផ្តល់ប្រាក់ឧបត្ថម្ភដល់មនុស្សចាស់អាយុចាប់ពី៦៥ឡើងទៅដែលមានចំនួនជាង៧០ម៉ឺននាក់ចំនួន៤ម៉ីនរៀលក្នុងមួយខែ
  • ផ្តល់ប្រាក់ខែដល់មន្រ្តីរាជការយ៉ាងតិចចំនួន១លានរៀលក្នុងមួយខែ

លោក ឃី វ៉ាន់ដេត បានមានប្រសាសន៍បន្តទៀតថា ដើម្បីអាចឧបត្ថម្ភមនុស្សចាស់៤ម៉ីនរៀល និងផ្តល់ប្រាក់ខែដល់មន្រ្តីរាជការ១លានរៀលក្នុងមួយខែគឺត្រូវការថវិកាជាតិសរុប ៤០០លាន ដុល្លាបន្ថែមទៀតក្នុងមួយឆ្នាំ។ ប្រភពថវិកាបន្ថែម៤០០លានដុល្លាបានមកពី វិស័យ ទេសចរណ៍ ដីសម្បទានសេដ្ឋកិច្ច កាស៊ីណូ  ពន្ធគយនាំចូលប្រេង និង ផ្សេងៗទៀត។

ចំណូលបន្ថែមពីវិស័យទេសចរណ៍

ចំណូលរដ្ឋបានមកពីវិស័យទេសចរណ៍កាលពីឆ្នាំ២០១១មានចំនួន២៦លានដុល្លា នេះបើយោងតាមលោក គី វណ្ណដារ៉ាដែលមានប្រសាសន៍នៅពេលប្រជុំរដ្ឋសភាកាលពីថ្ងៃទី០៧ខែធ្នូឆ្នាំ២០១២។

លោក ឃី វ៉ាន់ដេត បានមានប្រសាសន៍ថា ថ្លៃចូលទស្សនាប្រាសាទអង្គរវត្តមួយថ្ងៃ២០ ដុល្លា ពីរថ្ងៃ៤០ដុល្លា ៣ថ្ងៃ៦០ដុល្លា។ បើជាមធ្យមអ្នកទេសចរអន្តរជាតិមកទស្សនាចំនួនពីរថ្ងៃខណៈដែលចំនួន អ្នកទេសចរ អន្តរជាតិមានចំនួន៣លាននាក់ក្នុងមួយឆ្នាំ។ ដូច្នេះចំណូលពីវិស័យនេះមានចំនួនប្រហែល ១២០លានដុល្លាក្នុងមួយឆ្នាំ។

ចំណូលបន្ថែមពីដីសម្បទានសេដ្ឋកិច្ច

ដីសម្បទាន មានចំនួន ២លាន ៨សែនហិចតា   ហើយថ្លៃពន្ធ ៥និង ថ្លៃកិច្ចសន្យា២ដុល្លាសរុប៧ដុល្លាក្នុង ដីមួយហិចតាក្នុងមួយឆ្នាំ ។ ដូច្នេះចំណូលពីប្រភពសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលអាច ប្រមូលគឺប្រហែល ២០លានដុល្លាក្នុងមួយឆ្នាំ។ ប៉ុន្តែបើតាមលោក គី វណ្ណដារ៉ា ចំណូលពីដី សម្បទានសេដ្ឋកិច្ចបច្ចុប្បន្នមានត្រឹមតែ២លាន២សែនដុល្លាក្នុងទំហំដី២លាន៨សែនហិចតា។

គណបក្សសង្រ្គោះជាតិមានគោលនយោបាយតម្លើងពន្ធដីសម្បទានសេដ្ឋកិច្ចពី៥ទៅ៧០ដុល្លាដូច្នេះគេអាចប្រមូលចំណូលបាន ប្រហែល២០០លានដុល្លាក្នុងមួយឆ្នាំ។

ចំណូលបន្ថែមពីកាស៊ីណូ

នៅប្រទេសកម្ពុជាមាន ៥០កាស៊ីណូ និង ៦កាស៊ីណូទៀតកំពុងសុំអជ្ញាប័ណ្ណ ហើយបច្ចុប្បន្ន ចំណូលពីកាស៊ីណូទាំងនោះមានចំនួន២០លានដុល្លា។ ប៉ុន្តែបើតាមលោក ឃី  វ៉ាន់ដេត ប្រសិនបើ បំបាត់អំពើពុករលួយ គេអាចប្រមូលពន្ធពីកាស៊ីណូ ចំនួន ២៥០លានដុល្លា ក្នុងមួយឆ្នាំ។

ចំណូលពីពន្ធនាំចូលប្រេង

លោកឃី វ៉ាន់ដេត បានមានប្រសាសន៍ថា កម្ពុជានាំចូលប្រេងជាង១លាន៥សែនតោនក្នុងមួយឆ្នាំ ហើយពន្ធលើការនាំចូលប្រេងក្នុងមួយតោនគឺ ៣៤៥ដុល្លា ។ ដូច្នេះ គេអាចប្រមូលពន្ធ លើការនាំចូលប្រេងចំនួនប្រហែល៥២០លានដុល្លា ក្នុងមួយឆ្នាំ។ ប៉ុន្តែសម្រាប់ចំណូលពន្ធ ប្រេងបច្ចុប្បន្នមានត្រឹមតែ ១៥០លានដុល្លាក្នុងមួយឆ្នាំ។

ដូច្នេះប្រភពចំណូលថ្មីបន្ថែម= ចំណូលថ្មីសរុប -ចំណូលបច្ចុប្បន្ន = (១២០ +២០០+ ២៥០ +៥២០)-  (២៦+ ២.២ +២០ +១៥០) =១០៩០-១៩៨.២= ៨៩១.៨លានដុល្លា លើសពី៤០០លានដុល្លាដែលត្រូវការផ្តល់ ដល់មនុស្សចាស់និងបើកប្រាក់ខែដល់មន្រ្តីរាជការ។ (អ្វីៗដែលបានរាប់រាប់ខាងលើសំអាងលើប្រសាសន៍ របស់លោក ឃី វ៉ាន់ដេត និង លោក គី វណ្ណដារ៉ា នៅក្នុងវិដេអូដែលបានផ្សព្វផ្សាយក្នុងប្រព័ន្ធInternetជាពិសេស Facebook)

ceefcedc

អត្ថបទខាងក្រោមដកស្រង់ផ្នែកខ្លះៗពីការវិភាគរបស់គេហទំព័រដើមអំពិលដែលមាននិន្នាការគាំទ្របក្ស កាន់អំណាច ឆ្លើយតបចំពោះគោលនយោបាយរបស់បក្សប្រឆាំង។

បទវិភាគ៖ ការសន្យា តម្លើងប្រាក់ខែខ្យល់ របស់បក្សប្រឆាំង ដោយមិនឈរលើ តថភាព នៃទំហំសេដ្ឋកិច្ចជាតិ

Friday, 15 February 2013 12:15 ដោយ៖ ដើមអម្ពិល : (DAP) : ID-011

នៅពេល ដែលការបោះ ឆ្នោតជ្រើសរើស តំណាងរាស្ត្រ នីតិកាលទី៥ កាន់តែខិតជិត ចូលមកដល់ គេសង្កេត ឃើញគណបក្ស និង ពួកដែលមាន និន្នាការប្រឆាំង បានលើកយកករណីប្រាក់ខែ របស់មន្ត្រីរាជការ គ្រូបង្រៀន យោធា នគរបាល និង មន្ត្រីរាជការនៃវិស័យដទៃទៀត មកធ្វើជាប្រធានបទ ដើម្បីទាក់ទាញការគាំទ្រ របស់ខ្លួន រហូតដល់ហ៊ានសន្យា តម្លើងប្រាក់ខែទាបបំផុត ចំនួន មួយលានរៀល ជូនមន្ត្រីរាជការម្នាក់ៗ ។  តើការសន្យានេះ អាចធ្វើទៅបានទេ?

ដើម្បីឆ្លើយទៅ នឹងសំណួរនេះ យើងសូមធ្វើការបង្ហាញ ពីធនធានថវិកា និង កម្លាំងសេដ្ឋកិច្ចជាតិ របស់យើង ដូចខាងក្រោម៖

ទំហំសេដ្ឋកិច្ចជាតិ ឬហៅថា ផលិតផលសរុប ក្នុងស្រុក (GDP) សម្រាប់ឆ្នាំ២០១២ កន្លងទៅនេះ គឺមាន ប្រហាក់ប្រហែលចំនួន ១៥ ពាន់លានដុល្លារអាមេរិក។

ថវិកាជាតិសម្រាប់ឆ្នាំ២០១៣ ដែលរដ្ឋសភា និង ព្រឹទ្ធសភាបានអនុញ្ញាតឲ្យចាយ មានចំនួនប្រមាណ ៣,១ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ថវិកាមួយភាគ ត្រូវបានលៃលក ដើម្បីបំពេញបន្ថែមទៅលើការ ចំណាយក្នុងការ បន្តវិនិយោគសាធារណៈ ដូចជាការបន្តក សាងសាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ អាគារសាធារណៈ ប្រព័ន្ធភ្លើង ទឹកស្អាត និង ប្រព័ន្ធធារាសាស្ត្រជាដើម។

…………………………………………………………………………………………………

បើយើងធ្វើការសិក្សា និង វិភាគពីការសន្យានយោបាយ របស់គណបក្សប្រឆាំង ក្នុងការតម្លើងប្រាក់ខែទាបបំផុត ចំនួនមួយលានរៀល ឬស្មើនឹង ២៥០ ដុល្លារអាមេរិកក្នុងមួយខែ គឺជាការសន្យាខ្យល់ ជានយោបាយ បោកប្រាសសុទ្ធសាធ។

ព្រោះថា បើគេគណនាពីប្រាក់ខែតែ ២៥០ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់មន្ត្រីបម្រើការងាររដ្ឋសរុប ទាំងអស់ ដែលមានចំនួនប្រមាណ ៤០០ ០០០ នាក់នោះ រដ្ឋត្រូវការចំណាយចំនួន ១២០០ លានដុល្លារក្នុងមួយឆ្នាំ ហើយប្រសិនបើបូកបន្ថែម ប្រាក់សោធន និង បេឡាសន្តិសុខសង្គម ចំនួនប្រមាណ ២៨៨ លានដុល្លារ អាមេរិក និង ប្រាក់ឧបត្ថម្ភសម្រាប់ចាស់ៗ ដែលគណបក្សប្រឆាំង បានសន្យាចំនួនប្រមាណ ៨៤ លានដុល្លារអាមេរិកក្នុង មួយឆ្នាំថែមទៀតនោះ  រដ្ឋាភិបាល នឹងត្រូវចំណាយថវិកា សរុបចំនួន ១៥៧២ លានដុល្លារអាមេរិក ពោលគឺត្រូវចំណាយ ជាងពាក់កណ្តាល នៃថវិកាជាតិឆ្នាំ២០១៣ ។

សរុបមក បើគ្រាន់តែចំណាយ លើប្រាក់ខែ និង ប្រាក់សន្តិសុខសង្គម មានចំនួន ស្មើនឹង ជាងពាក់ កណ្តាលនៃថវិកាជាតិទៅហើយនោះ តើការអភិវឌ្ឍវិស័យដទៃទៀត ដូចជាដំណើរការរដ្ឋបាលសាធារណៈ ចំណាយ ទៅលើការការពារជាតិ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អប់រំ សុខាភិបាល សង្គមកិច្ច កិច្ចការ នារី វប្បធម៌ សាសនា ក្នុងវិស័យហេដ្ឋារចនា សម្ព័ន្ធសង្គម ការកសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន និង ផ្នែកដទៃទៀត ក្នុងវិស័យហេដ្ឋារ ចនាសម្ព័ន្ធរូបវ័ន្ត និង វិស័យជំរុញ កំណើនសេដ្ឋកិច្ច ដូចជាកសិកម្ម ឧស្សាហកម្ម ធនធានទឹក ការរៀបចំដែនដី សំណង់ សាធារណៈការ  ការដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ អភិវឌ្ឍន៍ជនបទ និង ពាណិជ្ជកម្ម។ល។ ដែលវិស័យទាំងនេះ ជាវិស័យជំរុញឲ្យ មានកំណើនសេដ្ឋកិច្ច និង សង្គមកិច្ច កាន់តែខ្ពស់ឡើងនោះ តើការចំណាយទាំងនេះ បានថវិកាមកពីណា?

នេះគ្រាន់តែគណនាប្រាក់ខែទាបបំផុត ២៥០ ដុល្លារផង យើងឃើញថា លទ្ធភាពថវិកាទៅមិនរួច ទៅហើយ ចុះបើគណនាប្រាក់ខែមធ្យមដោយផ្អែកលើប្រាក់ខែទាបបំផុត ($២៥០) នោះ  រដ្ឋអាចចំណាយ យ៉ាងហោចណាស់ ទ្វេជាពីរ ឬ ជាបីដង តើរដ្ឋបានថវិកាមកពីណា?

ប្រសិនបើគណបក្សប្រឆាំង ប្រកាន់យកគោលការណ៍ ដឹកនាំការចាយវាយថវិកាធុននេះ បានន័យថា នឹងដឹកនាំកម្ពុជាឲ្យដើរ តាមរបត់វិបត្តិបំណុលសាធារណៈ ដូចករណីដែលកំពុងកើតមាន នៅក្នុងប្រទេសមួយ ចំនួននៅអឺរុប ដូចជា ប្រទេសក្រិច អៀរឡង់ អ៊ីតាលី អេស្ប៉ាញ ពរទុយហ្គាល់ជាដើម ដែលនាំឲ្យ កើតមាន វិបត្តិច្របូកច្របល់ សាំញាំ ចាក់ស្រេះ ដោះស្រាយមិនចេញ ស្ទើរពាសពេញទ្វីបអឺរ៉ុប និង ពិភពលោកទាំងមូល។

បានន័យថា បើពួកប្រឆាំងឈ្នះឆ្នោត គឺ៖ គេនាំគ្នាចាយវាយថវិការដ្ឋ ដោយមិនខ្វល់នឹង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការការពារប្រទេសជាតិឡើយ ឬពោលយ៉ាង សាមញ្ញថា  ការលើកឡើងរបស់គណបក្សប្រឆាំង គឺគ្រាន់តែជាការបោកប្រាស់ និង ជានយោបាយប្រជាភិថុតិសុទ្ធសាធ ដើម្បីតែឈ្នះ ក៏ប៉ុន្តែប្រទេសជាតិ និង ប្រជាពលរដ្ឋនោះទេ ដែលជាអ្នកស្លាប់។

លោកខុងជឺ អ្នកប្រាជ្ញចិន មានទស្សនៈថា៖ “វាមិនសំខាន់ថា យើងដើរយឺតប៉ុណ្ណាទេ តែអ្វីដែល សំខាន់ នោះ គឺយើងដើរមិនឈប់”។ ដូចគ្នានេះដែរ ចក្ខុវិស័យនយោបាយប្រកប ដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ស្របតាមតថភាព នៃទំហំសេដ្ឋកិច្ចកម្ពុជា៖ “ជាការចាំបាច់ណាស់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ត្រូវធ្វើដំណើរតាមជំហានគីង្គក់” ៕

http://www.dap-news.com/2011-06-14-02-39-55/57714-2013-02-15-05-19-21.html

ប្រភពចំណូលថ្មីបន្ថែមដែលគណបក្សប្រឆាំងលើកឡើងគឺត្រូវបំបាត់អំពើពុករលួយ និងតម្លើងថ្លៃ ឈ្នួលលើដីសម្បទានសេដ្ឋកិច្ច។

ការបំបាត់អំពើពុករលួយ

អ្វីដែលជាការរៀបរាប់របស់មន្រ្តីគណបក្សប្រឆាំងគឺហាក់ដូចជាងាយស្រួលណាស់ក្នុងការបង្កើន ចំណូលថវិកាជាតិបន្ថែមរាប់រយលានដុល្លា ប៉ុន្តែក្នុងការអនុវត្ត ជាក់ស្តែង គឺមិនងាយស្រួល នោះឡើយក្នុងការបំបាត់អំពើពុករលួយខណៈដែលអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធចាប់ពីលើ ចុះក្រោម។តើគណបក្សប្រឆាំងនឹងមានវិធានការអ្វីខ្លះក្នុងការបំបាត់អំពើពុករលួយទ្រង់ទ្រាយធំ? សំអាងលើធនធានមនុស្សថ្មីរបស់គណបក្សប្រឆាំងដែលចូលទៅកាន់តំណែងក្នុងជួររដ្ឋាភិបាល មិនអាចធានា១០០%បានថាអ្នកទាំងនោះមិនប្រព្រឹត្តអំពើពុករលួយដូចអ្នកមុនដែរនោះទេ។

ការបង្កើនថ្លៃឈ្នួលដីសម្បទានសេដ្ឋកិច្ច

យោងតាមគេហទំព័ររបស់ក្រសួងកសិកម្ម ថ្លៃឈ្នួលដីសម្បទានត្រូវបានគណនានៅលើផ្ទៃដីសម្បទាន សរុបដែលរាជរដ្ឋាភិបាលបានផ្តល់ឱ្យក្រុមហ៊ុនសម្រាប់ធ្វើអាជីវកម្មដោយរាប់ចាប់ពីឆ្នាំទី៣នៃការប្រមូលផលិតផលពីចំការដំបូង(The concession land rental fee shall be started to calculate on the total area of concession which the Royal Government has granted to a company for doing business counting from the third year of collecting the products of the first plantation)។ប៉ុន្តែដីសម្បទានភាគច្រើនពុំទាន់មានសកម្មភាពក្នុងការដាំដុះហើយដីមួយចំនួន ទៀតដាំដុះហើយប៉ុន្តែពុំទាន់ផ្តល់ផលនៅឡើយទេ។ ដូច្នេះគេពុំអាចទារថ្លៃឈ្នួលពីដីទាំងនោះបានទេ រង់ចាំទាល់តែដីទាំងនោះត្រូវបានគេដាំដុះហើយប្រមូលផលដំណាំពីដីនោះរយៈពេល៣ឆ្នាំសិន។  ប្រសិនបើរដ្ឋាភិបាលថ្មីកែប្រែកិច្ចសន្យាសម្បទានសេដ្ឋកិច្ចដែលបានកំណត់ដោយរដ្ឋាភិបាលមុននោះ អាចនឹងមានភាពចម្រូងចម្រាស់ជាមួយក្រុមហ៊ុនក្នុងស្រុកនិងបរទេសពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់។

ដូច្នេះក្នុងរយៈពេលខ្លីរដ្ឋាភិបាលថ្មីពិបាកនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលចំណូលថវិកាជាតិ នោះ នឹងមានការខ្ចីបំណុលពីបរទេសដើម្បីទប់ទល់ការចំណាយដ៍ច្រើនសន្ធឹកសន្ធាប់ដូចរដ្ឋាភិបាលមុន ដែរហើយអាចមានការផ្ទុះមហាបាតុកម្មដឹកនាំដោយបក្សដែលចាញ់ឆ្នោតទាមទារឲ្យរដ្ឋាភិបាលធ្វើតាម ការសន្យាដូចដែរលោកនាយករដ្ឋមន្រ្តីបច្ចុប្បន្នបានប្រកាសហើយថាប្រសិនបើគណបក្សរបស់ លោកចាញ់ឆ្នោត នោះលោកនឹងធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលគោរពពាក្យសន្យា ជាពិសេស ការផ្តល់ប្រាក់៤ម៉ីនរៀលក្នុងមួយខែដល់មនុស្សចាស់។ នៅពេលនោះអាចនឹងមានភាព ជាប់គាំងផ្នែកនយោបាយ ។

 

ប៉ុន្តែបើពិនិត្យមើលលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជន នៅតែអាចមានលទ្ធភាពឈ្នះឆ្នោតដាច់គណបក្សប្រឆាំង ទោះបីជាចំនួនអសនៈអ្នកតំណាង រាស្រ្តរបស់គណបក្សកាន់អំណាចថយចុះខ្លះក៍ដោយ។ ម៉្យាងវិញទៀត យុទ្ធនាការឃោសនា បោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះនឹងមានភាពកក្រើកខ្លាំងជាងពេលមុនៗ។ បក្សកាន់អំណាចនឹង ចំណាយលុយលើនុយដែលមនុស្សភាគច្រើនយល់ច្រឡំថាជាអំណោយច្រើនជាងមុន ព្រោះ បើគណបក្សប្រឆាំងឈ្នះនោះពួកគេនឹងត្រូវខ្ទាតចេញពីកន្លែងខ្លាញ់ហើយលែងបានស៊ីជាបន្តទៀត ដូច្នេះត្រូវចំណាយលុយខ្លះ ប៉ុន្តែក្រោយពីចំណាយនោះ ពួកគេអាចប្រមូលបាន មកវិញ ច្រើនជាងមុនរាប់រយដងក្នុងមួយឆ្នាំៗ។ នេះគឺជារឿងធម្មតាហើយដែរគេតែងតែធ្វើ គឺយក នយោបាយធ្វើជាមុខរបបរកស៊ី ចំណាយតែម្តងក្នុងកំឡុងពេលជិតបោះឆ្នោតតែអាចបាន ចំណូលដ៍ច្រើនលើសលប់ក្នុងរយៈពេលពេញមួយអាណត្តិ។

537530_542487719117894_162547360_n

គ្រាន់តែការសន្យាផ្តល់ប្រាក់៤ម៉ឺនរៀលក្នុងមួយខែដល់មនុស្សចាស់និង ប្រាក់ខែ១លានរៀល ដល់មន្រ្តីរាជការគឺជាការងាយស្រួល នរណាក៍អាចថាបានដែរហើយអាច គេថាលើសពីនេះ ទៀត។បក្សប្រឆាំងគួរលើកពីវិធានការណ៍ជាក់ ស្តែងល្អិតល្អន់ដែលអាចអនុវត្តទៅរួច បើពុំដូច្នេះទេនោះគឺដូចអ្វីដែលត្រូវគេចោទថាជាការសន្យាខ្យល់ហើយ។

ដូច្នេះយើងគួរតាមដានពត៍មានសង្គមជាពិសេសពត៍មាននយោបាយ សកម្មភាពរបស់ អ្នកនយោបាយមកពីគ្រប់គណបក្សដើម្បីឲ្យការសម្រេចចិត្តរបស់យើងនៅឆ្នាំ២០១៣ប្រកបដោយសុភវិនិច្ឆ័យរួចផុតពីការបោកប្រាស់របស់ជនខិលខូចដែលជ្រកក្រោមស្លាកនយោបាយ ហើយយកនយោបាយធ្វើជាមុខរបបរកស៊ី។

1 thoughts on “ការឧបត្ថម្ភមនុស្សចាស់៤ម៉ឺនរៀលនិងមន្រ្តីរាជការ១លានរៀនក្នុងមួយខែ

  1. seyla

    វាជាការពិតដែលប្រជា ជនខ្មែរត្រូវតែពិចារណាអំពីរឿងនយោបាយឲ្យបានល្អិតល្អន់
    មុនសម្រេចចិត្ត កុំយកទ្រឹស្ដីចាស់កំរិលមកត្រាប់តាមដដែលៗ ដូចជាពាក្យថា”ស៊ីបាយនរណា បម្រើអ្នកនោះ”ដល់វេនដែលខ្មែរ ត្រូវភ្ញាក់ខ្លួន ហើយ។

បញ្ចេញមតិ